នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ សមាគមគ្រួសារយើងបានបើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូមត្តេយ្យចំនួន២៨នាក់ ដោយលោកគ្រូអ្នកគ្រូមត្តេយ្យទាំងនោះមកពីសាលាមត្តេយ្យគោលដៅរបស់សមាគមគ្រួសារយើង និងមានអ្នកគ្រូចំនួនពីរនាក់មកពីសាលាមត្តេយ្យសហគមន៍ដែលមានទីតាំងនៅខេត្តកំពង់ចាម ក្រោមការឧបត្ថមដោយអង្គការហ្សែនស៊ីរិល។

ចំពោះវគ្គបណ្តុះបណ្តាលខាងលើនេះដែរ ចាប់ផ្តើមប្រព្រឹត្តឡើងពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៩ ខែមេសា ក្នុងគោលបំណងជួយពង្រឹងសមត្ថភាពដល់គ្រូមត្តេយ្យថ្មីៗ ឱ្យបានយល់ពីគន្លឹះនៃវិធីសាស្ត្រក្នុងការបង្រៀន និងបច្ចេកទេសគរុកោសល្យរបស់គ្រូមត្តេយ្យ ក៏ដូចជាការគ្រប់គ្រងថ្នាក់រៀន រួមទាំងបច្ចេកទេសបង្រៀន និងគម្រោងរៀបចំមេរៀន។

ក្នុងចំណោមគ្រូមត្តេយ្យចំនួន២៨នាក់ ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មាន១២នាក់មកពីខេត្តរតនៈគិរី ៥នាក់មកពីខេត្តត្បូងឃ្មុំ ៤នាក់មកពីខេត្តក្រចេះ ៥នាក់មកពីខេត្តព្រះវិហារ និង២នាក់មកពីសាលាមត្តេយ្យសហគមក្នុងខេត្តកំពង់ចាម ដែលទទួលការឧបត្ថមពីអង្គការហ្សែនស៊ីរិល។

វគ្គបណ្តុះបណ្តាលខាងលើនេះ រៀបចំឡើងដោយគម្រោងមជ្ឈមណ្ឌលធនធានកុមារតូច និងសហការដោយសមាគមគ្រួសារយើង ហើយចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ភាគច្រើនជាគ្រូមត្តេយ្យបង្រៀនសម្រាប់គម្រោងកុមារកម្ពុជារីករាយ ដោយមានការឧបត្ថមពីមូលនិធិគីន ចាន់ និងគម្រោងមួយផ្សេងទៀតរបស់សមាគមគ្រួសារយើង ដែលមានសាលាគោលដៅចំនួន៥ក្នុងខេត្តព្រះវិហារ។

តាមរយៈវគ្គបណ្តុះបណ្តាលមួយនេះដែរ សមាគមគ្រួសារយើងផ្តោតសំខាន់លើការផ្តល់ជំនាញផ្នែកបណ្តុះបណ្តាល ពីអ្នកជំនាញផ្នែកកុមារតូច ក៏ដូចជាអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូទាំងអស់បានរៀនពីបទពិសោធន៍គ្នាទៅវិញទៅមក។ សម្រាប់អ្នកជំនាញបន្ថែមផ្សេងទៀត ដែលនឹងមកបង្រៀននៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានគ្រូបណ្តុះបណ្តាលរបស់សមាគមគ្រួសារយើង និងអ្នកជំនាញផ្សេងទៀតមកពីក្រសួងអប់រំយុវជន និងកីឡា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *