ភាគីពាក់ព័ន្ធចំនួន១៥នាក់ នៃសាលាមត្តេយ្យសិក្សាដូនទុន និងសាលាមត្តេយ្យសិក្សាជ័យសែន បានអញ្ជើញទៅទស្សនកិច្ចនៅសាលាមត្តេយ្យសិក្សាឈើខ្លឹម នៅថ្ងៃទី១៦ ខែមីនា។
គោលបំណងនៃដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងដើម្បីឱ្យភាគីពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រងសាលាមត្តេយ្យសិក្សាដូនទុន ក៏ដូចជាសាលាមត្តេយ្យសិក្សាជ័យសែន ដើម្បីស្វែងយល់ពីបទពិសោធន៍របស់មត្តេយ្យសិក្សា និងបឋមសិក្សាឈើខ្លឹម។ ជាការពិត កាលពីឆ្នាំ២០២១ សាលាឈើខ្លឹមបានទទួលពានប្រចាំឆ្នាំជាសាលាដែលមានបរិស្ថានស្អាត ហើយសាលាផ្សេងៗអាចសិក្សាពីរបៀបក្នុងការគ្រប់គ្រង ក៏ដូចជាវិធីសាស្ត្រដឹកនាំរបស់នាយកសាលាក្នុងការអនុវត្តន៍គំនិតថ្មីៗ ដូចជាសួនច្បារ និងកន្លែងសម្រាប់ទទួលអាហាររបស់សិស្ស និងកិច្ចសហប្រតិបត្តិការល្អរវាងអ្នកពាក់ព័ន្ធផ្សេងៗ។
ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង១៥នាក់ ដែលមកពីខេត្តព្រះវិហារ មាននាយកសាលាមត្តេយ្យដូនទុន និងសាលាមត្តេយ្យសិក្សាជ័យសែន គ្រូមត្តេយ្យ និងតំណាងគណៈកម្មការសាលា។
សាលាមត្តេយ្យសិក្សាដូនទុន និងសាលាមត្តេយ្យសិក្សាជ័យសែន គឺជាផ្នែកមួយរបស់គម្រោងដែលមានរយៈពេល៣ឆ្នាំ ដោយបានចាប់ផ្តើមកាលពីខែសីហា ឆ្នាំ២០២១ និងសាលាគោលដៅចំនួន៥ផ្សេងទៀតក្នុងខេត្តព្រះវិហារ។ គោលដៅចម្បងរបស់គម្រោងនេះ គឺដើម្បីលើកកម្ពស់លទ្ធភាពទទួលបានការអប់រំដល់កុមារតូច ប្រកបដោយគុណភាពសម្រាប់កុមារងាយរងគ្រោះនៅតំបន់ដាច់ស្រយាល។
ចំណែកសាលាមត្តេយ្យសិក្សាឈើខ្លឹម គឺជាសាលាគោលដៅមួយក្នុងចំណោមសាលាគោលដៅផ្សេងទៀតរបស់កម្មវិធីកុមារកម្ពុជារីករាយ ដែលស្ថិតក្រោមគាំទ្រដោយមូលនិធិគីនចាន់ និងអនុវត្តដោយសមាគមគ្រួសារយើងសម្រាប់សមាសភាពមត្តេយ្យសិក្សា។ ចាប់តាំងពីឆ្នាំ២០១៨មក នៅភូមិឈើខ្លឹម មានកុមារប្រហែល៤០០នាក់ដែលមានអាយុពី៣ទៅ៥ឆ្នាំ បានមកទទួលការអប់រំមុនចូលសាលា តាមរយៈកម្មវិធីនេះ។