នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ សមាគមគ្រួសារយើង បានចូលរួមប្រជុំប្រចាំខែតាមប្រព័ន្ធអនឡាញលើគម្រោងណូរិច (Norec) ជាមួយអង្គការដៃគូពីប្រទេសបង់ក្លាដែស គឺអង្គការមូលនិធិ អាស្ប៉ាដា ប៉ារីប៉េស អ៊ុនណាយ៉ាន់ (Aspada Paribesh Unnayan Foundation) និងអង្គការប៉ាហាល់ចាន់ វីកាស សាយ៉ុង សាថាន់ (Pahal Jan Vikas Sahyog Sansthan) ពីប្រទេសឥណ្ឌា។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីដំណើរការការងាររបស់មន្ត្រីគម្រោង ក៏ដូចជាការពិនិត្យឡើងវិញនូវសមិទ្ធិផល ដែលដៃគូទាំងបីបានសម្រេចបានក្នុងរយៈពេល ៤ ខែដំបូងនៃគម្រោង។
កាលពីដើមសប្តាហ៍នេះ ដៃគូទាំងបីបានរៀបចំវគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញចែករំលែកអំពីបទពិសោធន៍ផ្សេងៗ ទាក់ទងទៅនឹងការអនុវត្តផ្នែកអាហាររូបត្ថម និងសុខភាពនៅក្នុងប្រទេសនីមួយៗ។ អ្នកនាង រ៉ាស៊ី មន្ត្រីផ្នែកសុខភាពរបស់សមាគមគ្រួសារយើង បានធ្វើបទបង្ហាញអំពី គន្លឹះ ១២ សម្រាប់ឱ្យគ្រួសារមានសុខភាពល្អ ដែលគន្លឹះនេះត្រូវបានបង្កើតឡើងក្រោមការសហការគ្នាជាមួយអង្គការដៃគូអន្តរជាតិ PE&D (ភីអ៊ីអេនឌី) និងមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ហៅកាត់ AFD ដើម្បីជួយបង្កើនការយល់ដឹងដល់សហគមន៍ដែលងាយរងគ្រោះ ចំពោះទារក និងស្រ្តីមានផ្ទៃពោះ ដែលមានតម្រូវការអាហាររូបត្ថម និងសុខភាព។ ជាមួយគ្នានេះផងដែរ អ្នកនាង ខទីម៉ះ មន្ត្រីផ្នែកអាហាររូបត្ថមរបស់សមាគមគ្រួសារយើង ក៏បានធ្វើបទបង្ហាញផងដែរទាក់ទងទៅនឹងសារៈសំខាន់នៃអាហាររូបត្ថម្ភ សម្រាប់ការលូតលាស់របស់ទារកក្នុងរយៈពេល ១០០០ ថ្ងៃ ប្រកបដោយសុខភាពល្អ។
នៅចុងខែមេសាខាងមុខនេះ អ្នកនាង ខទីម៉ះ និងអ្នកនាងរ៉ាស៊ី នឹងចាប់ផ្តើមបំពេញបេសកកម្មនៅក្នុងសហគមន៍ដោយផ្ទាល់ជាលើកដំបូងនៅក្នុងខេត្តក្រចេះផងដែរ។ ការបំពេញបេសកកម្មជាលើកដំបូងរបស់ពួកគេ ផ្តោតសំខាន់លើការវាស់ស្ទុងពីតម្រូវការផ្នែកសុខភាព និងអាហាររូបត្ថមនៅតាមសហគមន៍ និងអភិវឌ្ឍការបណ្តុះបណ្តាលសម្រាប់បុគ្គលិករបស់សមាគមគ្រួសារយើង ដើម្បីធ្វើអោយមានភាពប្រសើរឡើងផ្នែកអាហារូបត្ថម្ភ និងលក្ខខណ្ឌសុខភាពសម្រាប់កុមារ ជាសវាងមានបញ្ហាកង្វះអាហារូបត្ថម្ភជាយថាហេតុ។