នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បុគ្គលិករបស់សមាគមគ្រួសារយើង បានចូលរួមប្រជុំជាមួយអង្គការដៃគូមកពីប្រទេសឥណ្ឌា គឺអង្គការ ប៉ាហាល់ ចាន់វីកាស សាយ៉ុង សាថាន់ (Pahal Jan Vikas Sahyog Sansthan) និងអង្គការមូលនិធិអាស្ប៉ាដា ប៉ារីប៉ែស អ៊ុនណាយ៉ាន់ ពីប្រទេសបង់ក្លាដែស ដើម្បីពិភាក្សាស្តីពីគម្រោងដែលអង្គការទាំងបីកំពុងបំពេញបេសកកម្មរួមគ្នា លើការពង្រឹងសន្តិសុខផ្នែកអាហារូបត្ថម្ភតាមរយៈការផ្តល់ជូនឱ្យគ្នាទៅវិញទៅមក ក្រោមការផ្តល់មូលនិធិពីអង្គការណូរិច (Norec)។
ការប្រជុំប្រចាំខែនេះ គឺជាឱកាសសម្រាប់ដៃគូទាំងអស់ដើម្បីធ្វើបច្ចុប្បន្នភាពគ្នាទៅវិញទៅមក លើដំណើរការការងាររៀងៗខ្លួន និងពិភាក្សាលើបញ្ហាប្រឈមនានារួមគ្នា។ លើសពីនេះទៅទៀត គម្រោងនេះនឹងដំណើរការរយៈពេលបីឆ្នាំ រហូតដល់ខែសីហា ឆ្នាំ២០២៤ ហើយគោលបំណងរបស់គម្រោងនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់អង្គការទាំងបី និងផ្លាស់ប្តូរចំណេះដឹង ព្រមទាំងវិធីសាស្រ្តលើសុខភាព និងអាហារូបត្ថម្ភ។
ដើមដំបូងឡើយ គម្រោងមួយនេះមានផែនការបញ្ជូនសមាជិកពីអង្គការទាំងបីឱ្យទៅសិក្សា និងធ្វើការជាមួយដៃគូរួមគ្នានៅបរទេស ដើម្បីចែករំលែកចំនេះដឹង និងរៀននូវបទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយបុគ្គលិកសមាគមគ្រួសារយើង។ យ៉ាងណាមិញ ដោយសារមានការផ្ទុះឡើងនូវមេរោគឆ្លងកូវីដ-១៩ ដូច្នេះបានធ្វើឱ្យផែនការផ្តាស់ប្តូរសមាជិកឱ្យទៅសិក្សាខាងក្រៅប្រទេស ត្រូវបានផ្អាកនៅឆ្នាំដំបូងនៃគម្រោង។ អ្នកនាង ខទីម៉ះ និងអ្នកនាង រ៉ាស៊ី គឺជាសមាជិករបស់សមាគមគ្រួសារយើង ក្រោមគម្រោងណូរិច ដូច្នេះពួកគេត្រូវធ្វើការនៅក្នុងសហគមន៍ ដែលស្ថិតក្រោមការធ្វើអន្តរាគមន៍ដោយសមាគមគ្រួសារយើង នៅប្រទេសកម្ពុជា។ យើងសង្ឃឹមថា ការផ្តាស់ប្តូរសមាជិកឱ្យទៅរៀននៅខាងក្រៅប្រទេស នឹងអាចធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ ហើយយើងនឹងអាចជួបជាមួយដៃគូរបស់យើងដោយផ្ទាល់ផងដែរ។