កាលពីសប្តាហ៍មុន បុគ្គលិករបស់សមាគមគ្រួសារយើងបានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់សាលាគោលដៅចំនួនប្រាំបីក្នុងខេត្តរតនគិរី ដោយមានគោលបំណងតាមដានសកម្មភាពការបង្រៀនរបស់លោកគ្រូអ្នកគ្រូមត្តេយ្យនៅតាមសាលាទាំងនោះ។ ស្របពេលជាមួយគ្នានោះដែរ បុគ្គលិកជំនាញរបស់សមាគមគ្រួសារយើងទាំងពីរនាក់បានធ្វើការអង្កេតមើលសកម្មភាពបង្រៀននៅក្នុងថ្នាក់រៀន និងបានផ្តល់ការបង្វឹក ព្រមទាំងផ្តល់មតិកែលម្អដល់លោកគ្រូអ្នកគ្រូអំពីវិធីសាស្ត្រក្នុងការបង្រៀនឱ្យមានភាពប្រសើរឡើង ជាពិសេសសំរាប់លោកគ្រូអ្នកគ្រូថ្មីៗ។

ដំណើរទស្សនកិច្ចនេះផងដែរ បានធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូថ្មីៗនៅក្នុងសាលាមត្តេយ្យគោលដៅក្នុងខេត្តរតនគិរី ដោយបានបង្វឹកពួកគាត់ ព្រមទាំងបានផ្តល់នូវដំបូន្មាន ក៏ដូចជាបច្ចេកទេស និងយុទ្ធសាស្ត្រក្នុងការបង្រៀន ការណែនាំអំពីការរៀបចំផែនការមេរៀន និងរបៀបបង្កើតឯកសារបង្រៀនងាយៗដោយខ្លួនឯងស្របទៅតាមការបង្រៀននៅក្នុងថ្នាក់រៀន និងស្របទៅតាមកម្មវិធីសិក្សាថ្នាក់ជាតិ និងគរុកោសល្យសម្រាប់កុមារអាយុពី ៣ទៅ៥ឆ្នាំផងដែរ។

រតនគិរី គឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅរបស់កម្មវិធីកុមារកម្ពុជារីករាយ (HCC) ដោយនាពេលបច្ចុប្បន្ននេះ កម្មវិធីមួយនេះកំពុងអនុវត្តនៅក្នុងសាលាមត្តេយ្យចំនួន១២ នៅទូទាំងខេត្ត។ កម្មវិធីកុមារកម្ពុជារីករាយ ជាកម្មវិធីមួយរបស់សមាគមគ្រួសារយើង ដោយមានការគាំទ្រពីមូលនិធី គីន ចាន់ ដែលផ្តោតជាពិសេសលើការផ្តល់លទ្ធភាពដល់កុមារងាយរងគ្រោះទាំងអស់នៅក្នុងតំបន់អាចមានឱកាសទទួលបានការអប់រំប្រកបដោយប្រសិទ្ធភាព និងការធ្វើឱ្យមានភាពប្រសើរឡើងផ្នែកអាហារូបត្ថម្ភរបស់កុមារ តាមរយៈការផ្តល់នូវអាហារពេលព្រឹក និងការពង្រឹងសមត្ថភាពគ្រូបង្រៀនតាមរយៈការបណ្តុះបណ្តាលគ្រូ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *