កាលពីថ្ងៃទី ៨ និងទី ៩ ខែវិច្ឆិកា សមាគមគ្រួសារយើងបានចុះទៅពិនិត្យមើលពីដំណើរការសាងសង់អគារសាលាមត្តេយ្យសិក្សាចំនួន ៥ ក្នុងស្រុកឆែប និងស្រុកជ័យសែន នៃខេត្តព្រះវិហារ។

សម្រាប់គម្រោងថ្មីខាងលើនេះ សមាគមគ្រួសារយើងបានធ្វើការគាំទ្រទៅលើការសាងសង់សាលាមត្តេយ្យចំនួន ៥ នៅក្នុងស្រុកទាំងពីរដែលមានថ្នាក់រៀនចំនួន ១០ បន្ទប់។
យ៉ាងណាមិញគម្រោងសាងសង់អាគារសាលាមត្តេយ្យនេះចាប់ផ្តើមដំណើរការតាំងពីខែសីហាឆ្នាំ ២០២១ មកម្ល៉េះ ក្នុងគោលបំណងអភិវឌ្ឍគុណភាពនៃការសិក្សាដល់កុមារដែលងាយរងគ្រោះមានអាយុចន្លោះពី ៣ ឆ្នាំដល់អាយុ ៥ ឆ្នាំនៅតំបន់ដាច់ស្រយាលក្នុងស្រុកទាំងពីរនៃខេត្តព្រះវិហារ។

សូមបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៧ ដល់ ឆ្នាំ២០២០ សមាគមនគ្រួសារយើងបានដាក់ចេញនូវគម្រោងផែនការមេដែលមានរយៈកាលចំនួន ៣ ឆ្នាំ លើស្រុកចំនួន ៤ ក្នុងខេត្តព្រះវិហារ ហើយគម្រោងនេះទៀតសោតបានដាក់គោលដៅលើសាលាមត្តេយ្យចំនួន ១៦ ផ្សេងគ្នា ដោយគម្រោងនេះធ្វើការផ្តោតសំខាន់លើតំបន់ដាច់ស្រយាល និងតាមដានសាលាមត្តេយ្យសហគមន៍ក្នុងខេត្តមួយនេះ ដើម្បីអាចសម្រេចបាននូវលទ្ធផលល្អប្រសើរ។ បច្ចុប្បន្នសមាគមនគ្រួសារយើងបានដាក់ចេញនូវគម្រោងថ្មីមួយផ្សេងទៀត ដើម្បីបន្តការគាំទ្រដល់ការអប់រំកុមារ ក្នុងស្រុកគោលដៅចំនួនពីរក្នុងខេត្តនេះ បន្តទៀតលើរយៈពេលចំនួន ៣ ឆ្នាំ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *