នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមគ្រួសារយើង សហការជាមួយការិយាល័យអប់រំកុមារតូច នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “បច្ចេកទេសគរុកោសល្យ” ដល់លោកគ្រូអ្នកគ្រូមត្តេយ្យសិក្សាជាង៧០នាក់មកពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញទាំងមូល។

វគ្គបណ្តុះបណ្តាលនេះដែរ នឹងប្រព្រឹត្តិឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះសហគមន៍កាតូលិកសន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ក្នុងគោលបំណង ជួយពង្រឹងសមត្ថភាពបន្ថែមដល់លោកគ្រូអ្នកគ្រូមត្តេយ្យសិក្សាព្រះសហគមន៍ដែលជាសិក្ខាកាមទាំងអស់ឱ្យកាន់តែស៊ីជម្រៅអំពីការងារគ្រប់គ្រងរដ្ឋបាលថ្នាក់រៀន និងវិធីបង្រៀនកុមារតូចអាយុពី៣‌ដល់៥ឆ្នាំ ក៏ដូចជាការជួយបង្កើនសមត្ថភាពការអនុវត្តវិធីសាស្ត្របង្រៀនប្រកបដោយគុណភាព ព្រមទាំងជួយដល់លោកគ្រូ អ្នកគ្រូមត្តេយ្យសិក្សាទាំងនោះមានគំនិតច្នៃប្រឌិត និងការបង្កើតនូវគំនិតថ្មីៗ មន្ថែមទៀតក្នុងការបង្រៀនដល់កុមារ។

គួររំលឹកផងដែរថា ព្រះសហគមន៍កាតូលិក និងសមាគមគ្រួសារយើង ធ្លាប់បានសហការគ្នាក្នុងការជួយបណ្តុះ បណ្តាលគ្រូមត្តេយ្យសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយព្រះសហគមន៍កាតូលិកទាំងបីភូមិភាគតែងតែបញ្ជូនគ្រូមត្តេយ្យសិក្សារបស់ខ្លួន មកទទួលការបណ្តុះបណ្តាលបច្ចេកទេសគរុកោសល្យមត្តេយ្យសិក្សា នៅសមាគមគ្រួសារយើង។

សមាគមគ្រួសារយើងពិតជាមានសេចក្តីសោមនស្សណាស់ ក្នុងការចូលរួមសហការជាមួយព្រះសហគមន៍កាតូលិក អង្គការ សមាគម និងស្ថាបនទាំងឡាយ ដែលកំពុងធ្វើការពាក់ព័ន្ធជាមួយនឹងការអប់រំកុមារតូច។ សមាគមគ្រួសារយើងបានត្រៀមខ្លួនជាស្រេចផងដែរ ក្នុងការជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសគរុកោសល្យមត្តេយ្យ សិក្សា និងការផ្តល់ជូននូវឧបករណ៍បរិក្ខារសិក្សា ក៏ដូចជាល្បែងគរុកោសល្យមត្តេយ្យសិក្សាផ្សេងៗ ដល់គ្រប់ស្ថាបនទាំងអស់ដែលត្រូវការផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *