នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សមាគមគ្រួសារយើងចាប់ផ្តើមបើកនូវវគ្គបណ្តុះបណ្តាលមួយស្តីពី ”អត្ថប្រយោជន៍នៃការអប់រំ និងការអភិវឌ្ឍកុមារតូច” នៅទីស្នាក់ការការិយាល័យសមាគមគ្រួសារយើងក្នុងខេត្តព្រះវិហារ ដើម្បីជួយពង្រឹងសមត្ថភាពដល់មេក្រុម ឪពុកម្តាយស្នូល ចំនួន១៧នាក់។
វគ្គបណ្តុះបណ្តាលនេះផងដែរ នឹងប្រព្រឹត្តិឡើងក្នុងរយៈពេលបីថ្ងៃដោយចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ៦ ខែតុលា ក្នុងគោលបំណងជួយពង្រឹងចំណេះដឹងដល់ ក្រុមឪពុកម្តាយស្នូលទាំង១៧រូប ឱ្យបានយល់ដឹងអំពី អត្ថប្រយោជន៍នៃការអប់រំ និងការអភិវឌ្ឍកុមារតូច ដែលមានអាយុក្រោម៥ឆ្នាំ ហើយក្រោយពីទទួលបាននូវវគ្គបណ្តុះបណ្តាលនេះ ឪពុកម្តាយស្នូលទាំងនោះ នឹងត្រូវយកចំណេះដឹងទាំងនេះទៅចែកចាយបន្តដល់អ្នកឪពុកម្តាយផ្សេងទៀតនៅតាមសហគមន៍នៃសាលាគោលដៅដែលពួកគាត់់់រស់នៅ។
ខេត្តព្រះវិហារ គឺជាតំបន់គោលដៅរបស់សមាគមគ្រួសារយើង ដែលកំពុងអនុវត្តគម្រោងថែទាំ និងការអភិវឌ្ឍន៍កុមារតូចរយៈពេលបីឆ្នាំ នៅសាលាគោលដៅចំនួន៥ ដែលស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងស្រុកឆែប និងស្រុកជ័យសែន ដោយទីតាំងទាំង៥កន្លែងនេះ ពីមុនឡើយមិនមានសាលាគ្រប់គ្រាន់សម្រាប់ឱ្យកុមារទទួលបានការអប់រំនោះទេ ហើយកុមារទាំងនោះទៀតសោត ភាគច្រើនស្ថិតក្នុងស្ថានភាពងាយរងគ្រោះទាំងផ្នែកអប់រំ អាហារូបត្ថម្ភ និងការថែទាំសុខភាព។
វគ្គបណ្តុះបណ្តាលសម្រាប់ក្រុមឪពុកម្តាយនេះដែរ ក៏ជាផ្នែកមួយក្នុងការជួយលើកស្ទួយដល់វិស័យអប់រំនៅក្នុងតំបន់ទាំងនេះផងដែរ តាមរយៈការបញ្ជ្រាបនូវការយល់ដឹងពីអត្ថប្រយោជន៍នៃការបញ្ជូនកូនតូចៗឱ្យទៅទទួលការអប់រំនៅថ្នាក់មត្តេយ្យសិក្សា និងការថែទាំពួកគេទាំងផ្លូវកាយនិងស្មារតី ព្រមទាំងជួយបង្កើនការលើកទឹកចិត្តកុមារឱ្យទៅសាលារៀន។