វគ្គបណ្តុះបណ្តាលរយៈពេល៦ថ្ងៃសម្រាប់គ្រូមត្តេយ្យចំនួន២៨នាក់នៅការិយាល័យក្នុងរាជធានីភ្នំពេញ

សូមអបអរសាទរដល់លោកគ្រូអ្នកគ្រូទាំង២៨នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលសម្រាប់គ្រូមត្តេយ្យម៉ូឌីលទី១ ដោយបានរៀបចំឡើងនៅការិយាល័យកណ្តាលរបស់សមាគមគ្រួសារយើង ក្នុងរាជធានីភ្នំពេញ។

 វគ្គបណ្តុះបណ្តាលម៉ូឌីលទី១នេះ បានបញ្ចប់ទៅក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ដោយមានការរៀបចំ និងដឹកនាំវគ្គបណ្តុះបណ្តាលដោយគម្រោងមជ្ឈមណ្ឌលធនធានកុមារតូច (ECRC) ដោយមានការរួមសហការគ្នាជាមួយគម្រោងផ្សេងៗរបស់សមាគមគ្រួសារយើង។ ចំពោះលោកគ្រូអ្នកគ្រូដែលបានទទួលវគ្គបណ្តុះបណ្តាលនេះហើយ នឹងត្រូវទៅបំពេញតួនាទីនៅតាមតាមសាលាមត្តេយ្យក្នុងខេត្តរបស់ពួកគេរៀងៗខ្លួន។ សាលាមត្តេយ្យទាំងនោះ មានមួយចំនួនជាផ្នែកមួយនៃសាលាគោលដៅរបស់គម្រោងកុមារកម្ពុជារីករាយ និងសាលាមត្តេយ្យចំនួនបីមកពីគម្រោងមួយរបស់សមាគមគ្រួសារយើង ដែលកំពុងដំណើរការក្នុងខេត្តព្រះវិហ៊ា រួមទាំងសាលាកុមារហ្សេនស៊ីរីល ក្នុងខេត្តកំពង់ចាម។

តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល៦ថ្ងៃនេះដែរ មានគោលបំណងផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពគ្រូមត្តេយ្យថ្មីៗ ជាពិសេសពួកគេអាចរៀនពីយុទ្ធសាស្ត្របង្រៀនសំខាន់ៗ រួមទាំងគរុកោសល្យមត្តេយ្យសិក្សា និងការគ្រប់គ្រងថ្នាក់ ក៏ដូចជាបច្ចេកទេសក្នុងការបង្រៀន និងការរៀបចំគម្រោងបង្រៀនជាដើម។ លើសពីនេះទៅទៀត លោកគ្រូអ្នកគ្រូទាំងនោះ ក៏បានសិក្សាអំពីវិធីសាស្ត្រក្នុងការកែច្នៃសម្ភារផ្សេងៗដែលមានស្រាប់នៅក្នុងតំបន់របស់ខ្លួនទៅជាឧបករណ៍ល្បែងលេងសម្រាប់កុមារ។ វគ្គបណ្តុះបណ្តាលនេះ ក៏បានផ្តោតសំខាន់ទៅលើវិធីសាស្ត្រក្នុងការប្រើប្រាស់ឧបករណ៍ល្បែងសម្រាប់កុមារ និងរបៀបក្នុងការលេងល្បែងទាំងនោះក្នុងលក្ខខណ្ឌគោលបំណងផ្នែកអប់រំ ដូចជាការរៀនរាប់លេខតាមរយៈការលេងល្បែងគណិតវិទ្យា​ និងការរៀនច្រៀងចម្រៀងដើម្បីអភិវឌ្ឍសមត្ថភាពផ្នែកភាសាសម្រាប់កុមារ និងវិធីសាស្ត្រផ្សេងៗជាច្រើនទៀតក្នុងការទំនាក់នងគ្នារវាងគ្រូ និងកុមារ នៅអំឡុងពេលរៀន ដើម្បីអភិវឌ្ឍអារម្មណ៍មនោសញ្ចេតនាបែបសង្គម។

 អ្នកគ្រូ ធា គន្ធី ជាគ្រូឧទ្ទេសផ្នែកបណ្តុះបណ្តាលពីមជ្ឈមណ្ឌលគរុកោសល្យមត្តេយ្យសិក្សា បានលើកឡើងថា អ្នកគ្រូពិតជាមានសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចែករំលែកចំណោះដឹងរបស់អ្នកគ្រូដល់លោកគ្រូអ្នកគ្រូថ្នាក់មត្តេយ្យក្មេងៗជំនាន់ក្រោយទាំង២៨រូប តាមរយៈវគ្គបណ្តុះបណ្តាលនេះ។ នៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល (ជាសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ) ដែលមិនមានគ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយគ្រូនៅសាលាមត្តេយ្យមួយចំនួនថែមទាំងមិនបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យមត្តេយ្យថែមទៀតផង។

អ្នកនាង គី សុជាតិ ជាគ្រូមត្តេយ្យមកពីសាលាបឋមសិក្សាភូមិថ្មី ក្នុងខេត្តរតនគិរី បាននិយាយថា អ្នកនាងពិតជាមានចំណាប់លើវគ្គបណ្តុះបណ្តាលនេះណាស់ ដោយសារវគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱ្យអ្នកនាងនូវចំណេះដឹងថ្មីៗលើការអភិវឌ្ឍកុមារទាំងផ្នែកភាសា និងខាងគណិតវិទ្យា។ ជា​ការ​ពិតណាស់ ជំនាញនេះពិតជាសំខាន់ណាស់ក្នុងការជួយកសាងគ្រឹះដ៏រឹងមាំទាំងផ្នែកភាសា និងជំនាញគណិតវិទ្យា ក៏ដូចជាការអភិវឌ្ឍផ្នែកសង្គម និងជំនាញផ្នែកអារម្មណ៍ ដើម្បីប្តូរពីថ្នាក់មត្តេយ្យសិក្សាទៅកាន់ថ្នាក់បឋមសិក្សាដោយរលូន និងដើម្បីកាត់បន្ថយការបោះបង់ការសិក្សា ជាពិសេសនៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល។ អ្នកនាងថែមទាំងបានលើកឡើងទៀតថា កុមារគឺជាទំពាំងវ័យក្មេង ដែលត្រូវការវឌ្ឍន​ភាព ដើម្បីជួយអភិវឌ្ឍសង្គមជាតិ។

ក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះផងដែរ បេក្ខជនទាំងអស់បានយកឱកាសនេះ ដើម្បីចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក ​និងចាប់យកនូវសេចក្តីណែនាំពីអ្នកបណ្តុះបណ្តាលជំនាញ ទាំងមកពីសមាគមគ្រួសារយើង និងមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលមត្តេយ្យសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS)។ ជាងនេះទៅទៀត សមាគមគ្រួសារយើងសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ចំពោះវត្តមានក្នុងវគ្គបណ្តុះបណ្តាលនេះ និងការចូលរួមសកម្មភាពយ៉ាងកក់ក្តៅក្នុងអំឡុងពេលនៃការបណ្តុះបណ្តាល រួមទាំងការចូលរួមចំណែករបស់ពួកគេដើម្បីជួយអភិវឌ្ឍការអប់រំដល់កុមារនៅក្នុងប្រទេសកម្ពុជា ឱ្យមានភាពប្រសើរឡើង។ សមគមគ្រួសារយើង និងលោកគ្រូអ្នកគ្រូទាំងអស់ក៏សូមអគុណ ដល់មូលនិធិគីន ចាន់ ដែលបានជួយគាំទ្រដល់ការអប់រំនៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងកុមារកម្ពុជារីករាយ។

លោកគ្រូអ្នកគ្រូផ្សេងទៀតដែលទទួលការជួយគាំទ្រពីគម្រោងផ្សេងៗក៏មានអំណរគុណផងដែរ សម្រាប់ឱកាសចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយនេះ ដើម្បីអាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្របទពិសោធន៍ពីលោកគ្រូអ្នកគ្រូផ្សេងៗ ជាពិសេសអ្នកបណ្តុះបណ្តាលដ៏ជំនាញផ្នែកការអប់រំកុមារតូច។ ជាចុងក្រោយសមាគមគ្រួសារយើង សូមថ្លែងអំណរគុណដល់ដៃគូពាក់ព័ន្ធទាំងអស់ចំពោះទំនុកចិត្ត ការជួយគាំទ្រ និងការចូលរួមនានាដើម្បីបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ ជាការពិតណាស់ សមាគមគ្រួសារយើងកំពុងស្វះស្វែងរកការកែលម្អខ្លឹមសារនៃការបណ្តុះបណ្តាល តាមរយៈមតិកែលម្អ និងការជួយគាំទ្រពីដៃគូរបស់ខ្លួនក្នុងការអភិវឌ្ឍវិស័យអប់រំកុមារតូចនៅក្នុងប្រទេសកម្ពុជាឱ្យមានភាពល្អប្រសើរឡើង។

Most Views

Official Facebook

Official Youtube