គ្រូមត្តេយ្យសិក្សាចំនួន៨នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលគរុកោសល្យមត្តេយ្យសិក្សាយ៉ាងជោគជ័យ

សូមអបអរសាទរដល់លោកគ្រូអ្នកគ្រូចំនួន៨នាក់ មកពីសាលាមត្តេយ្យសិក្សារបស់ព្រះសហគមន៍កាតូលិក ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញគរុកោសល្យមត្តេយ្យសិក្សាម៉ូឌុលទី៣ (កម្រិត៣) យ៉ាងជោគជ័យ។

ចំពោះវគ្គបណ្តុះបណ្តាលម៉ូឌុលទី៣នេះផងដែរ ត្រូវបានប្រព្រឹត្តឡើងក្នុងរយៈពេល ១៨ ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយគម្រោងមជ្ឈមណ្ឌលធនធានមារតូច នៃសមាគមគ្រួសារ នៅការិយាល័យ ក្នុងរាជធានីភ្នំពេញ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះដែរ មានគោលបំណងជួយកែលម្លដល់បច្ចេកទេសនៃការបង្រៀន និងចំណេះដឹងផ្នែកគរុកោសល្យរបស់លោកគ្រូអ្នកគ្រូ ព្រមទាំងជួយពង្រឹងលើជំនាញផ្សេងៗដែលពួកគាត់ (លោកគ្រូអ្នកគ្រូ) បានសិក្សាកាលពីម៉ូឌូលទី១ និងទី២ កន្លងមក ឱ្យកាន់តែមានភាពច្បាស់លាស់ជាងមុន។ លើសពីនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះក៏បានផ្តល់ឱកាសដល់បេក្ខជនទាំងអស់ បានអនុវត្តបង្រៀនដោយផ្ទាល់នូវជំនាញ និងចំណេះដឹងថ្មី ដែលលោកគ្រូអ្នកគ្រូបានទទួលពីវគ្គបណ្តុះបណ្តាលម៉ូឌុលទី៣នេះ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ បេក្ខជនជាគ្រូមត្តេយ្យសិក្សាទាំង៨នាក់ បានចុះធ្វើកម្មសិក្សាដោយផ្ទាល់នៅសាលាមត្តេយ្យសិក្សាសំមីសូល ដើម្បីធ្វើការវាស់ស្ទុងពីសមត្ថភាពដែលពួកគាត់ទទួលបានពីវគ្គបណ្តុះបណ្តាលក្នុងរយៈពេល១៨ ថ្ងៃមកនេះ។

លោក ម៉ៅ លិញ ជាគ្រូមត្តេយ្យមកពីសាលាមត្តេយ្យសហមន៍របស់ព្រះសហគមន៍កាតូលិកតាខ្មៅ បាននិយាយថា តាមរយៈវគ្គបណ្តុះបណ្តាលម៉ូឌុលទី៣នេះ លោកបានទទួលជំនាញថ្មីពិសេសៗជាច្រើន លើប្រធានបទ ដែលលោកមិនទាន់បានយល់ច្បាស់កាលពីវគ្គបណ្តុះបណ្តាលនាពេលកន្លងមក ដូចជារបៀបក្នុងការធ្វើផែនការបង្រៀន របៀបផលិតសម្ភារៈបង្រៀន ក៏ដូចជាបច្ចេកទេស និងវិធីសាស្ត្រដើម្បីគ្រប់គ្រងសិស្ស។

លោកបានបន្ថែមទៀតថា បន្ទាប់ពីលោកបានបញ្ចប់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣នេះហើយ លោកបានយល់កាន់តែច្បាស់លើប្រធានបទដែលលោកបានរៀបរាប់ខាងលើនេះ ហើយលោកនឹងអាចយកចំណេះដឹងថ្មីទាំងនេះ ទៅប្រើប្រាស់ដើម្បីជួយលើកកម្ពស់ដល់ការអប់រំរបស់កុមារក្នុងសហគមន៍របស់លោក ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

កញ្ញា សំ ចាន់ធឿន ជាគ្រូមត្តេយ្យមកពីអង្គការពន្លកថ្មី បាននិយាយថា បន្ទាប់ពីកញ្ញាបានទទួលបានការបណ្តុះបណ្តាលពីវគ្គបណ្តុះបណ្តាលម៉ូឌុលទី៣នេះរួចមក កញ្ញាបានយល់ពីកុមារច្បាស់ជាងមុន ហើយកញ្ញាបានបញ្ជាក់យ៉ាងដូច្នេះថា “វាពិតជាមានសារសំខាន់ណាស់ សម្រាប់គ្រូមត្តេយ្យសិក្សាទាំងអស់ក្នុងការយល់ដឹង និងចេះពីជំនាញគរុកោសល្យមត្តេយ្យសិក្សា ព្រោះវាអាចជួយឱ្យពួកគាត់រៀបចំមេរៀនសមស្របទៅតាមកម្មវិធីសិក្សា និងបានយល់ពីរបៀបក្នុងការគ្រប់គ្រងកុមារ ការរៀបចំថ្នាក់រៀន ក៏ដូចជាការយល់ដឹងពីវិធីសាស្រ្តក្នុងការទំនាក់ទំនងជាមួយកុមារ ស្រប់ពេលកំពុងបង្រៀនផងដែរ។

អ្នកគ្រូ អៀក គីមលៀង មន្ត្រីអប់រំកុមារតូចនៃសមាគមគ្រួសារយើង បាននិយាយថា មាតិកាដែលសមាគមគ្រួសារយើងលើកយកមកបង្ហាញដល់បេក្ខជនទាំង៨នាក់ ក្នុងវគ្គបណ្តុះបណ្តាលម៉ូឌុលទី៣នេះ មិនមានអ្វីខុសប្លែកខ្លាំងពីវគ្គមុនៗប៉ុន្មាននោះទេ។ ជាក់ស្តែងចំពោះវគ្គបណ្តុះបណ្តាលម៉ូឌុលទី១ គ្រូបណ្តុះបណ្តាលគ្រាន់តែណែនាំពីគោលគំនិតគរុកោសល្យ និងជំនាញក្នុងការបង្រៀនដល់គ្រូមត្តេយ្យសិក្សា ដោយយោងទៅតាមចំណេះដឹងជាក់ស្តែងតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ចំពោះវគ្គបណ្តុះបណ្តាលម៉ូឌុលទី១ផងដែរ គឺជាចំណេះដឹងយ៉ាងថ្មីស្រឡាងសម្រាប់គ្រូមត្តេយ្យសិក្សាទាំងនោះ ដោយពួកគាត់ត្រូវការស្វែងយល់ពីមូលដ្ឋានដំបូងជាមុនសិន។ ដូច្នេះគ្រូឧទ្ទេស មិនអាចបញ្ជ្រាបពីគោលគំនិតទាំងនេះក្នុងកម្រិតដ៏ខ្ពស់មួយបាននោះទេ ស្របពេលពួកគេកំពុងស្ថិតក្នុងចំណុចមួយដែលត្រូវការពង្រឹងមូលដ្ឋានគ្រឹះកម្រិតដំបូង និងសិក្សាបន្ថែមតាមរយៈការអនុវត្ត។

ចំណែកវគ្គបណ្តុះបណ្តាលម៉ូឌុលទី២វិញ គ្រូឧទ្ទេសបានរំលឹកពីប្រធានបទ ដែលលោកគ្រូអ្នកគ្រូទាំងនោះ បានសិក្សាកាលពីម៉ូឌុលទី១ និងចាប់ផ្តើមបញ្ជ្រាបពីចំណេះដឹង និងជំនាញកាន់តែជ្រៅជាងមុន ព្រមទាំងផ្តល់នូវដំបូន្មានអំពីបទពិសោធន៍ផ្ទាល់ខ្លួន។ ដោយឡែក ចំពោះវគ្គបណ្តុះបណ្តាលម៉ូឌុលទី៣វិញ លោកគ្រូអ្នកគ្រូទាំងអស់ អាចយល់ដឹងកាន់តែច្បាស់អំពីមេរៀនទាំងអស់ ដូច្នេះពួកគេអាចបង្កើនទំនុក និងមានសមត្ថភាពបន្ថែមទៀតក្នុងការបង្រៀនដល់ក្មេងៗសាលាមត្តេយ្យ។ លើសពីនេះទៅទៀត ចំពោះលោកគ្រូអ្នកគ្រូ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងបីនេះហើយ ប៉ុន្តែពួកគាត់នៅតែបន្តសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯងនោះ គាត់នឹងមានឱកាសក្នុងការផ្លាស់ប្តូរខ្លួនឯងទៅជាគ្រូមត្តេយ្យដែលមានសមត្ថភាពខ្ពស់ ព្រមទាំងមានឱកាសក្លាយខ្លួនទៅជាគ្រូឧទ្ទេសទៀតផង។

Share this post

Share this post