សូមអបអរសាទរដល់គ្រូមត្តេយ្យនៃព្រះហគមន៍កាតូលិកចំនួន៧នាក់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈមួយខែស្តីពីគរុកោសល្យមត្តេយ្យសិក្សា ដែលរៀបចំឡើងដោយគម្រោង ECRC នៃសមាគមគ្រួសារយើង។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិក្នុងរយៈពេល២២ថ្ងៃ ដោយគិតចាប់ពីថ្ងៃ០៣ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ តាមរយៈវគ្គបណ្តុះបណ្តាលនេះផងដែរ គ្រូមត្តេយ្យទាំងអស់អាចអភិវឌ្ឍចំណេះដឹងថ្មីៗចំនួន១៤ប្រធានបទ ព្រមទាំងបានសិក្សាចំណេះដឹងថ្មីៗជាច្រើនពីសិក្ខាកាមផ្សេងៗ និងអ្នកជំនាញជាច្រើននាក់មកពីគម្រោងមជ្ឈមណ្ឌលធនធានកុមារតូចនៃសមាគមគ្រួសារយើង នាយកដ្ឋានបណ្ដុះបណ្ដាលនិងវិក្រឹតការ ក៏ដូចជានាយកដ្ឋានអប់រំសុខភាព និងសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម។
បងស្រី អាង សង្វាត ជាដូនជីមកពីព្រះសហគមន៍កាតូលិកខេត្តព្រៃវែងបាននិយាយថា មូលហេតុដែលព្រះសហគមន៍បញ្ជូនគ្រូៗសាលាមត្តេយ្យមកទទួលការអប់រំវគ្គបណ្តុះបណ្តាលនៅសមាគមគ្រួសារយើង ព្រោះបងស្រីបានដឹងថា សមាគមគ្រួសារយើងមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលគរុកោសល្យមត្តេយ្យសិក្សាប្រកបដោយគុណភាព។
ជាក់ស្តែង វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹងរបស់លោកគ្រូមត្តេយ្យទាំង៧រូប លើការអភិវឌ្ឍន៍កុមារតូច គរុកោសល្យមត្តេយ្យសិក្សា និងកម្មវិធីសិក្សារបស់ថ្នាក់មត្តេយ្យ ព្រមទាំងវិធីសាស្រ្តក្នុងការបង្រៀន ការគ្រប់គ្រងថ្នាក់រៀន ក៏ដូចជារបៀបទំនាក់ទំនងជាមួយគណៈកម្មាធិការសាលា និង ឪពុកម្តាយរបស់កុមារជាដើម។
បេក្ខជនទាំងអស់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលលើកទី១នេះបានប្រកបដោយជោគជ័យ បន្ទាប់ពីខិតខំប្រឹងប្រែងទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់អស់រយៈពេល២២ថ្ងៃ។ ជាថ្មីម្តងទៀត ក៏សូមអបអរសាទរដល់ពួកគាត់ទាំងអស់គ្នា ហើយក្រុមការងាររបស់សមាគមគ្រួសារយើង ក៏សូមជូនពរដល់ពួកគាត់ទាំងអស់ សូមឲ្យជួបតែសំណាងល្អក្នុងអាជីពជាគ្រូបង្រៀន!