នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សមាគមគ្រួសារយើងបានចូលរួមប្រជុំប្រចាំខែតាមប្រព័ន្ធអនឡាញជាមួយអង្គការដៃគូក្រៅប្រទេស គឺអង្គការ ប៉ាហាល់ ចាន់វីកាស សាយ៉ុង សាថាន់ (Pahal Jan Vikas Sahyog Sansthan) ពីប្រទេសឥណ្ឌា និងអង្គការមូលនិធិអាស្ប៉ាដា ប៉ារីប៉ែស អ៊ុនណាយ៉ាន់ ពីប្រទេសបង់ក្លាដែស ស្តីពីគម្រោង” ការពង្រឹងសន្តិសុខអាហារូបត្ថម្ភតាមរយៈការផ្តាស់ប្តូរចំណេះដឹងជាមួយអង្គការដៃគូ” ក្រោមការឧបត្ថមដោយមូលនិធិ ណូរិច (Norec) ពីប្រទេសន័រវេស។
តាមរយៈកិច្ចប្រជុំនេះផងដែរ ធ្វើឡើងក្នុងគោលបំណងជួបពិភាក្សាអំពីផែនការក្នុងការអនុវត្តគម្រោង សម្រាប់ជុំទី២ នៅឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ និងអនុញ្ញាតឱ្យបុគ្គលិកអនុវត្តគម្រោងទាំងបីអង្គការបានចែករំលែកពីបទពិសោធន៍ដែលពួកគេបានទទួលពីវគ្គបណ្តុះបណ្តាលការហ្វឹកហាត់ត្រៀម របស់មូលនិធិណូរិច នៅប្រទេសអាហ្រិកខាងត្បូងកាលពីខែកញ្ញាកន្លងទៅ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែកញ្ញាកន្លងទៅសមាគមគ្រួសារយើងបានបញ្ជូនបុគ្គលិកអនុវត្តគម្រោង “ការពង្រឹងសន្តិសុខអាហារូបត្ថម្ភតាមរយៈការផ្តាស់ប្តូរចំណេះដឹងជាមួយអង្គការដៃគូ” ចំនួនពីរនាក់គឺអ្នកនាង សល់ រ៉ាស៊ី និងអ្នកនាង យោគ ខទីម៉ះ ទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលការហ្វឹកហាត់ត្រៀមរបស់មូលនិធិណូរិច នៅទីក្រុងចូហានណេសបួរ ប្រទេសអាហ្រិកខាងត្បូង ដោយវគ្គបណ្តុះបណ្តាលនោះផ្តោតសំខាន់ទៅលើការទំនាក់ទំនងអន្តរវប្បធម៌ ការយល់ដឹងជាសកល គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការយល់ដឹងពីម៉ូដែលរបស់មូលនិធិណូរិច។
ចំពោះផែនការអនុវត្តគម្រោងសម្រាប់ជុំទី២វិញ អង្គការទាំងបីនឹងបញ្ជូនបុគ្គលិកអនុវត្តគម្រោងរបស់ខ្លួន ទៅបំពេញបេសកកម្មផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដោយបុគ្គលិកអនុវត្តគម្រោងរបស់សមាគមគ្រួសារយើងម្នាក់នឹងទៅបំពេញបេសកកម្មនៅប្រទេសបង់ក្លាដែស និងម្នាក់ទៀតនឹងត្រូវទៅប្រទេសឥណ្ឌា ហើយសមាគមគ្រួសារយើងក៏នឹងទទួលសមាជិកពីរនាក់មកពីប្រទេសទាំងពីរផងដែរ។