កាលពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សមាគមគ្រួសារយើង បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្ត្រក្នុងការចំអិន និងការរក្សាអាហារប្រកបដោយអនាម័យ ដល់អ្នកចំអិន និងនាយកនាយិកា សាលាមត្តេយ្យគោលដៅ ខេត្ត រតនគិរី និងសៀមរាប។ កម្មវិធីនេះ រៀបចំឡើងដោយបុគ្គលិក សមាគមគ្រួសារយើង ក្រោមការឧបត្ថម្ភ ពីមូលនិធិគឹមចាន់ នៃគម្រោង កុមារកម្ពុជារីករាយ (HCC) និងសហការជាមួយគម្រោង(ECRC)។

កម្មវិធីនេះប្រព្រឹត្តឡើង ក្នុងគោលបំណងបញ្ជ្រាប និងបណ្តុះបណ្តាល ដល់អ្នកចំអិន និងនាយកនាយិកា ឱ្យបានយល់ពីតួនាទី និងសារៈសំខាន់របស់អាហារូបត្ថម្ភ និងប្រភេទអាហារទាំង ៣ ក្រុម ដើម្បីឱ្យពួកគាត់ចំអិនអាហារពេលព្រឹក រួមទាំងអាហារសម្រន់ សម្រាប់កុមារប្រកបដោយឱរសជាតិ និងអនាម័យ។ លើសពីនេះទៅទៀត វគ្គបណ្ដុះបណ្ដាលមួយនេះ ជាទុនចំនេះដឹងបន្ថែមដ៏មានសារៈសំខាន់ ចំពោះអ្នកចំអិន ដើម្បីឲ្យពួកគាត់យកទៅអនុវត្ត ប្រកបដោយគុណភាព (អាហារូបត្ថម្ភ) និងធ្វើឲ្យកុមារមានសុខភាពល្អជារៀងរាល់ថ្ងៃ។

កម្មវិធីបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តិឡើងមានរយៈពេលបីថ្ងៃ សម្រាប់កន្លែងនីមួយៗ និងបានបែងចែកជាបីក្រុម ដោយនៅខេត្តរតនគិរីមានពីរក្រុម និងខេត្តសៀមរាបមាន ១ ក្រុម។ កម្មវិធីនេះបានប្រព្រឹត្តិឡើង នៅការិយាល័យសមាគមគ្រួសារយើង ក្នុងស្រុកបរកែវ ខេត្តរតនគិរី ដោយមានការចូលរួមពី ចុងភៅចំនួន៦នាក់ និងនាយក/នាយិកា ៦នាក់ រួមទាំងមន្ត្រីការិយាល័យអប់រំកុមារ ១ នាក់ ព្រមទាំងបុគ្គលិកសមាគមគ្រួសារចំនួន ៥ នាក់ផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *