ភូមិខាំកឺត ជាភូមិមួយដែលស្ថិតនៅតំបន់ដាច់ស្រយាលបំផុតមួយនៅក្នុងខេត្តព្រះវិហារ ដែលស្ថិតនៅប្រហែលតែជាង ១ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំប្រទល់ប្រទេសឡាវ ខណ្ឌដោយទន្លេមេគង្គ ហើយបើរាប់ចាប់ពីទីប្រជុំជនឃុំ ភូមិនេះមានចម្ងាយប្រហែលជាង១៦ គីឡូម៉ែត្រ និងពីទីរួមស្រុកមានចម្ងាយប្រហែលជាង ៨០ គីឡូម៉ែត្រ ហើយបើរាប់ចាប់ពីទីរួមខេត្តមានចម្ងាយរហូតដល់ទៅជិត ១០០ គីឡូម៉ែត្រ។

ភូមិនេះមានប្រជាជនរស់នៅប្រមាណជាង ១៨០ គ្រួសារ ដោយពួកគាត់ភាគច្រើនប្រកបរបរជាកសិករធ្វើស្រែចម្ការ ហើយអ្នកស្រុកនៅភូមិនេះប្រើប្រាស់ទាំងភាសាខ្មែរ និងភាសាឡាវសម្រាប់ធ្វើការទំនាក់ទំនងក្នុងជីវភាពរស់នៅ។

នៅភូមិខាំកឺត ក៏មានសាលាបឋមសិក្សាមួយខ្នងផងដែរសម្រាប់ផ្តល់ឱកាសឱ្យកុមារនៅក្នុងភូមិបានទទួលការអប់រំចំណេះដឹងទូទៅ ប៉ុន្តែសាលាមួយខ្នងនេះមានថ្នាក់រៀនតែបីបន្ទប់តែប៉ុណ្ណោះ ដូច្នេះតម្រូវឱ្យសិស្សបីថ្នាក់ត្រូវរៀននៅតាមសំយ៉ាបសាលា និងបីថ្នាក់ទៀតបានអង្គុយរៀននៅក្នុងថ្នាក់រៀន។

ចំពោះការអប់រំសម្រាប់កុមារតូចនៅក្នុងភូមិនេះវិញ កាលពីពេលកន្លងមកបានជួបប្រទះនូវផលលំបាកយ៉ាងខ្លាំង ដោយកាលពីឆ្នាំ២០១៩ គណៈកម្មការភូមិ ឃុំ បានស្រុះស្រួលបង្កើតទៅជាសាលាមត្តេយ្យសហគមន៍មួយសម្រាប់ផ្តល់ឱកាសដល់កុមារតូចនៅក្នុងភូមិបានទទួលការអប់រំ។ ប៉ុន្តែសាលាមត្តេយ្យសហគមន៍នេះ មិនមានអគារ ឬតុ កៅអី និងឧបករណ៍បរិក្ខារនានាសម្រាប់ឱ្យកុមារទទួលការអប់រំសមរម្យនោះឡើយ។ រហូតដល់ខែសីហា ឆ្នាំ២០២១ សមាគមគ្រួសារយើង តាមរយៈមូលនិធិហ្វូនិច (Phoenix Foundation) បានសាងសង់នូវអគារសិក្សាមួយខ្នង មានមួយបន្ទប់ ដែលមានបណ្តោយប្រវែង ១១ ម៉ែត្រ និងទទឹងប្រវែង ៦ ម៉ែត្រ សម្រាប់មត្តេយ្យសហគមន៍ដ៏កម្សត់​កម្រមួយនេះ។ បន្ថែមពីលើនេះ សមាគមគ្រួសារយើងក៏បានផ្តល់ជាសម្ភារៈផ្សេងៗ ដូចជាសួនល្បែងកម្សាន្តសម្រាប់កុមារ តុ កៅអី និងឧបករណ៍បរិក្ខារសិក្សានានាផងដែរ។ ជាក់ស្តែងកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅ សមាគមគ្រួសារយើង បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគរុកោសល្យដល់គ្រូមត្តេយ្យសិក្សារបស់សាលាគោលដៅរបស់សមាគមទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ អ្នកគ្រូ ឃុន តិ ដែលជាគ្រូមត្តេយ្យពីសាលាមត្តេយ្យខាំកឺត ក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *